ជំងឺគាំងបេះដូងគឺអាចឆក់យកជីវិតអ្នកជំងឺបានភ្លាមៗ ដូច្នេះអត្ថបទនេះនឹងជួយដល់លោកអ្នកឲ្យបានដឹងនូវរឿងដែលអ្នកត្រូវធ្វើ ប្រសិនបើអ្នក ឬនរណាម្នាក់ទៀតនៅក្បែរអ្នកអាចកើតមានជំងឺគាំងបេះដូង ។
ចំណុចសំខាន់ទីមួយ គឺសូមប្រញាប់ហៅទូរស័ព្ទសុំជំនួយរថយន្តពេទ្យបន្ទាន់។ សូមកុំព្រងើយកន្តើយ ឬមើលស្រាលពីរោគសញ្ញានៃការគាំងបេះដូង។ ប្រសិនបើអ្នកមិនមានលទ្ធភាពទទួលបានសេវាវេជ្ជសាស្ដ្របន្ទាន់ ចូរស្នើសុំអ្នកជិតខាង ឬមិត្តភក្តិរបស់អ្នកឲ្យជួយជូនអ្នកទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។ ការទៅ ឬបើកឡានដោយខ្លួនឯង គឺជាមធ្យោបាយចុងក្រោយបំផុត ហើយត្រូវដឹងថា វាធ្វើឲ្យអ្នក និងអ្នកដទៃទៀតប្រឈមនឹងគ្រោះថ្នាក់ នៅពេលអ្នកបើកបរក្រោមកាលៈទេសៈ (រោគសញ្ញា) ទាំងនេះ។
ចំណុចសំខាន់ទីពីរ គឺអ្នកអាចទំពារ និងលេបអាស្ពីរីន (aspirin) មួយគ្រាប់ លើកលែងតែក្នុងករណីដែលអ្នកមានប្រតិកម្មទៅនឹងថ្នាំអាស្ពីរីន ឬគ្រូពេទ្យរបស់អ្នកមិនបានណែនាំឲ្យប្រើថ្នាំអាស្ពីរីននេះពីមុនមក។
រឿងសំខាន់ទីបី គឺប្រើថ្នាំ nitroglycerin ប្រសិនបើអ្នកត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យប្រើ។ ប្រសិនបើអ្នកគិតថា អ្នកអាចគាំងបេះដូងហើយ វេជ្ជបណ្ឌិតរបស់អ្នកអាចបានចេញវេជ្ជបញ្ជា nitroglycerin ពីមុនសម្រាប់អ្នក ដូច្នេះចូរប្រើវាតាមការណែនាំ។ កុំទទួលទាន nitroglycerin របស់នរណាម្នាក់ផ្សេងទៀត ពីព្រោះវាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់លើសដើម។
រឿងសំខាន់ទីបួន គឺត្រូវចាប់ផ្តើមធ្វើចលនាសង្គ្រោះបេះដូង (ឬហៅកាត់ថា CPR) បើអ្នករងគ្រោះនោះសន្លប់។ ប្រសិនបើអ្នកនៅជាមួយមនុស្សដែលសន្លប់ ចូរប្រញាប់ខលរកលេខសង្គ្រោះបន្ទាន់ ឬអ្នកឯកទេសខាងវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់មួយផ្សេងទៀត។
អ្នកអាចត្រូវបានគេណែនាំឲ្យចាប់ផ្តើមការស្តារសរីរៈបេះដូងសួត (CPR) នេះ។ ប្រសិនបើអ្នកមិនធ្លាប់បានទទួលការហ្វឹកហាត់ CPR ទេ គ្រូពេទ្យផ្តល់អនុសាសន៍ឲ្យអ្នកធ្វើការសង្កត់ទ្រូងតែប៉ុណ្ណោះ (ប្រហែល ១០០ ទៅ ១២០ ដងក្នុងមួយនាទី) ។ អ្នកគួរធ្វើវាឲ្យបានត្រឹមត្រូវ លុះត្រាតែអ្នកជំនួយបានមកដល់។
ការយល់ដឹងអំពីវិធីទាំងនេះនឹងអាចជួយសង្គ្រោះបឋម មុនពេលដែលអ្នកជំងឺត្រូវបានសង្គ្រោះដោយគ្រូពេទ្យជំនាញ៕
អត្ថបទនេះនាំជូនមកដោយក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA
No comments:
Post a Comment