Wednesday, July 11, 2018

ជីវប្រវត្តិសង្ខេបរបស់អ្នកស្រី រស់ សិរីសុទ្ធា

ភាព​ល្បី​ល្បាញ​នៃ​ខេត្ត​បាត់ដំបង

ខេត្ត​បាត់ដំបង ជា​ទឹក​ដី​បណ្តុះ​អ្នក​ប្រាជ្ញ តារា​ភាព​យន្ត តារា​ចម្រៀង និង​អ្នក​និពន្ធ​ល្បី​ល្បាញ ប្រចាំ​កម្ពុជា តាំង​ពី​អតីតកាល​មុន​សម័យ​អង្គរ រហូត​បច្ចុប្បន្ន ។ ដោយ​សារ​ទឹក​ដី​នេះ ជា​ជំរក​អ្នក​ប្រាជ្ញ និង​តារា​ដែល​មាន​ទេពកោសល្យ​ខ្ពង់​ខ្ពស់​ប្រចាំ​ប្រទេស ខេត្ត​បាត់ដំបង​បាន​ក្លាយ​ជា​វាល​ពិឃាដ​អ្នក​ប្រាជ្ញ គ្រប់​កាល​សម័យ ដែល​សៀម​ចូល​លុក​លុយ​ប្រទេស​ខ្មែរ និង​យុគ​សម័យ​អង្គការ​បដិវត្តន៍ ១៩៧៥​ ដល់ ១៩៧៩ ។ តារា​និង​អ្នក​និពន្ធ​ល្បី ៗ ដែល​ខ្ញុំ​ស្គាល់ ហើយ​ដែល​មាន​កំណើត​ជា​អ្នក​បាត់ដំបង មាន សម្តេច​សង្ឃ​ព្រះ​វ័នរតន៍ ប៉ុណ្ណ សុម្ភាជ ជា​មេ​គណ​ខេត្ត​បាត់ដំបង, តារា​ភាព​យន្ត អ៊ី គិម​សួ (ជំនាន់​ទសវត្សរ៍ ៦០), អ្នក​ស្រី ទិត្យ វិជ្ជរ៉ា​ដានី (ជំនាន់​ទសវត្សរ៍ ៧០), លោក ទេព រិនដារ៉ូ (ជំនាន់​ទសវត្សរ៍ ៨០ និង ៩០), តារា​ចម្រៀង អ្នក​ស្រី ម៉ៅ សារ៉េត, លោក អ៊ឹម សុង​សឺម, អ្នកស្រី ហួយ មាស, អ្នក​ស្រី ប៉ែន រ៉ន, និង​ប្អូន​ស្រី​ទាំង​បី (អ្នក​ស្រី ប៉ែន រ៉ម, អ្នក​ស្រី ប៉ែន រ៉ាំ និង​អ្នក​ស្រី ប៉ែន ចន្ថា), អ្នក​ស្រី​ រស់ សិរីសុទ្ធា និង​ប្អូន​ស្រី​ អ្នក​ស្រី រស់ សិរីសោភ័ណ, ស្មៀន ឆោម ឆន និង​កូន​បី​នាក់ ដែល​ជា​តារា​ចំរៀង (មាន​ អ្នក​ស្រី ឆោម ឆវិន ​ជា​ម្តាយ​របស់​តារា​ចម្រៀង ឆោម ឆពុំ, លោក ឆោម ប៊ុន​យ៉ុង, អ្នក​នាង ឆោម និមល), លោក រ៉ម រើន, លោក កែវ សារ៉ាត់, អ្នក​នាង អឿន ស្រី​មុំ, អ្នក​នាង សួន ចន្ថា, លោក រិន សាវេត, លោក សេន រ៉ានុត, ​ អ្នក​នាង ឆៃលី ដាឡែន, អ្នក​នាង អ៊ិម ស្រី​ពៅ និង​តារា​និពន្ធ លោក គង្គ ប៊ុន​ឈឿន, លោក នូ ហាច, លោក ញ៉ុក ថែម, លោក​គ្រូ​​​អាចារ្យ ប៊ុត សាវង្ស, លោក ឆាន ឈួ ជាដើម ។

​ជីវប្រវត្តិ​

ឈ្មោះ​ដើម​របស់ រស់ សិរីសុទ្ធា គឺ រស់ សុទ្ធា ឈ្មោះ​ហៅ​ក្រៅ រៃ ។ ​ ឈ្មោះ សិរី ទើប​ជា​ឈ្មោះ​កណ្តាល ថែម​តាម​ក្រោយ ក្រោយ​ពី​ឈប់​រៀន ហើយ​ទៅ​ចាប់​អាជីព​ជា​អ្នក​ចម្រៀង ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ ស្គាល់​អ្នក​ស្រី​ថា រស់ សិរីសុទ្ធា ។ ប៉ុន្តែ ភាគ​ច្រើន ច្រើន​សរសេរ​ច្រឡំ ទៅ​ជា រស់ សេរីសុទ្ធា ទៅ​វិញ ។ សូម​អាន​ប្រវត្តិ​ខាង​ក្រោម ដើម្បី​អោយ​ដឹង​ថា ហេតុ​អ្វី តារា​សំនៀង​មាស​យើង មាន​ឈ្មោះ​ថា រស់ សិរីសុទ្ធា ។

​ប្រវត្តិកុមារភាព​

អ្នក​ស្រី រស់ សិរីសុទ្ឋា ជា​តារា​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ ៦០ និង ៧០ និង​ជា​ដៃ​គូ​ចម្រៀង​ជើង​ឯក យ៉ាង​ឆ្នើម​បំផុត របស់​អធិរាជ​សំឡេង​មាស​ លោក ស៊ិន ស៊ីសាមុត ។ ​ កំពូល​តារា​ចម្រៀង​រូប​នេះ មាន​កំណើត​នៅ​ថ្ងៃ​សុក្រ​ ខែ​កត្តិក​ ឆ្នាំ​ច ត្រូវ​នឹង​ថ្ងៃ​ទី ៦​​ ខែ​វិច្ឆិកា​​ ឆ្នាំ ១៩៤៦ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​វត្ត​​គរ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។​ ​ កាល​នៅ​កុមារភាព​ អ្នក​ស្រី​បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា ទក្ខិណសាលា​ រួច​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​អនុវិទ្យាល័យ​នារី​ នេត​យ៉ង់​​​ នៅ​ឆ្នាំ ១៩៦២ ។ កាល​នោះ ខ្ញុំ​នៅ​ក្មេង​ជាង​គាត់​​ច្រើន​ឆ្នាំ តែ​ធ្លាប់​ទៅ​មក​នឹង​គ្នា​ជិត​ដិត​ជា​ប្រចាំ​ ព្រោះ​យើង​នៅ​ដី​ភូមិ មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ទេ ជា​ពិសេស​ទៅ​ទៀត​ គឺ​លោក​ឪពុក​របស់​ខ្ញុំ ឈ្មោះ សាស្ត្រាចារ្យ ប៊ុន ថង​ ក៏​ជា​គ្រូ​​បង្រៀន​របស់​​កុមារី​សុទ្ធា​នោះ​ដែរ ​។ ​ បន្ថែម​ពី​លើ​នោះ​ទៀត លោក​ឪពុក​របស់​ខ្ញុំ ក៏​ជា​មិត្ត​ភក្តិ រាប់​អាន​គ្នា​ជិត​ដិត ជាមួយ​លោក​ឪពុក​របស់​អ្នក​ស្រី សុទ្ធា​ ឈ្មោះ លោក​គ្រូ រស់ ប៊ុន​ ដែល​ជា​លោក​គ្រូ​ភ្លេង​ខ្មែរ​ផង ​ជា​លោក​គ្រូ​ស្តោះ​ផ្លុំ​ យ៉ាង​ល្បី​មួយ​រូប​ផង ។ ​ ចំណែក​លោក​ឪពុក​របស់​ខ្ញុំ ក្រៅ​ពី​ការ​ងារ​ជា​គ្រូ​បង្រៀន នៅ​វិទ្យាល័យ អ៊ាប​ឃុត នេត​យ៉ង់ លោក​ក៏​ជា​មនុស្ស​ល្បី​ខាង​សម្បូរ​​រឿង​កំប្លែង និទាន​អោយ​អ្នក​ស្រុក​ស្តាប់ សើច​គាំង​ពោះ​ មិន​ចេះ​អស់​រឿង ចូល​ចិត្ត​វាយ​ស្គរ ទាត់​ចាប៉ី ហើយ​ចូល​ចិត្ត​ឡើង​សម្តែង​លើ​វេទិកា លលេង​ជាមួយ​លោក​តា រស់ ប៊ុន ដោយ​ប្រស្នា​ប្រាជ្ញា នៅ​ពេល​មាន​បុណ្យ​ទានម្តង ៗ ។
លោក​តា រស់ ប៊ុន មាន​ស្រុក​កំណើត នៅ​ភូមិ​ចង្វា​រៀល​ ឃុំ​រលាំង​នាគ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ជា​អតីត​នាយ​ទាហាន​ជើង​ក្រហម សម័យ​អាណានិគម​បារាំង​ ​ហើយ​ទើប​នឹង​ធ្វើ​មរណកាល​ទៅ នៅ​ឆ្នាំ ១៩៩៥ នេះ ។​ រី​ឯ​ម្តាយ​របស់​អ្នក​ស្រី​វិញ​ មាន​នាម​ថា ណាត់ សាមៀន​ មាន​ស្រុក​កំណើត នៅ​ស្រុក​សង្កែ ​ ខេត្ត​បាត់ដំបង ​។​ លោក​បាន​ធ្វើ​មរណកាល​ទៅ នៅ​សម័យ​ខ្មែរ​ក្រហម ។ ​ អ្នក​ស្រី សុទ្ធា ជា​កូន​ទី​បួន ក្នុង​ចំណោម​បង​ប្អូន​ទាំង ៥ នាក់ ។ បង​ស្រី​ទី​ ១ ឈ្មោះ រស់ សាបឿន​ សព្វ​ថ្ងៃ​រស់​នៅ​បាត់ដំបង​ ក្នុង​វ័យ​ប្រហែល ៧០ ឆ្នាំ ។​ បង​ស្រី​ទី ២ ​មាន​ឈ្មោះ​ថា រស់ សាបឿត សព្វ​ថ្ងៃ​រស់​នៅ​បាត់ដំបង​ដែរ​ ក្នុងវ័យ​ក្បែរ ៧០ ឆ្នាំ​ដែរ ។ បង​ប្រុស​ទី​ ៣ ឈ្មោះ រស់ សុគុណ បាន​ចែក​ស្ថាន​ទៅ​ នៅ​សម័យ​ខ្មែរ​ក្រហម ។​ ចំណែក​ប្អូន​ស្រី​ពៅ មាន​ឈ្មោះ​ថា​​ រស់ សោភ័ណ ក្រោយ​មក បាន​ដូរ​ទៅ​ជា រស់ សិរីសោភ័ណ បន្ទាប់​ពី​បាន​ចូល​រួម​ជា​តារា​ចម្រៀង​នៅ​ភ្នំ​ពេញ ជំនាន់​បន្ទាប់​ពី​អ្នក​ស្រី រស់ សិរីសុទ្ធា ។​ អ្នក​ស្រី រស់ សិរីសោភ័ណ​ ជា​អ្នក​ចម្រៀង ប្រចាំ​កង​ពល​តូច​លេខ​មួយ​​ នា​សម័យ​សាធារណរដ្ឋ​ខ្មែរ និង​ជា​អតីត​ភរិយា​ដើម របស់​លោក អ៊ុក ស៊ីណារ៉េត ដែល​ជា​តន្រ្តីករ​ដ៏​ល្បី​ល្បាញ​មួយ​រូប នៅ​ប្រទេស​យើង​ដែរ ។​
កាល​នៅ​ក្នុង​វ័យ​សិក្សា​ អ្នក​ស្រី​មាន​នាម​ក្នុង​សាលា​ជា​ផ្លូវ​ការ​ថា រស់​ សុទ្ធា តែ​ប៉ុណោ្ណះ ។ ប៉ុន្តែ នៅ​ក្នុង​ភូមិ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជិត​ខាង​ទាំង​ឡាយ ចូល​ចិត្ត​ហៅ​លេង​ក្រៅ​ថា​ អា​រៃ ត្បិត​អ្នក​ស្រី​មាន​សំឡេង​ស្រួយ ហើយ​ពិរោះ ដូច​សត្វ​រៃ​កណ្តឹង ។​ ​ ការ​ពិត ពេល​អ្នក​ស្រី​មាន​ប្រសាសន៍​សន្ទនា គឺ​មាន​សំឡេង​ធម្មតា ! មិន​សូវ​ជា​ឮ​ប៉ុន្មាន​ទេ​ ប៉ុន្តែ នៅ​ពេល​អ្នក​ស្រី ហើប​មាត់​ច្រៀង​ម្តង ៗ វិញ បែរ​ជា​សំឡេង​ស្រួយ មុត​ចាក់​ត្រចៀក ហើយ​ជា​សំឡេង​ខ្ពស់​ កម្រ​មាន​នារី​ណា​ម្នាក់ អាច​ច្រៀង​ដល់​កម្រិត​នោះ ហើយ​នៅ​អាច​រក្សា​សំឡេង​ស្រួយ​មុត​បាន​ដូច​អ្នក​ស្រី សុទ្ធា ណាស់ ។ កាល​ណោះ អ្នក​ស្រី​ចូល​ចិត្ត​បរិភោគ​ផ្លែ​ឈើ​ខ្ចី​ ៗ ទ្រនាប់​ប្រហុក​ចិញ្ច្រាំ ដាក់​ម្ទេស​ហឹរ ៗ ។​ ចៃដន្យ នៅ​ផ្ទះ​របស់​ខ្ញុំ មាន​ដើម​កន្ទួត មាន​ស្វាយ​ឱករ៉ង មាន​ល្មុត មាន​ចេក និង​ផ្លែ​ទឹក​ដោះ ជា​ដើម ដែល​អ្នក​ស្រី​ឧស្សាហ៍​មក​សុំ​ពី​ម្តាយ​របស់​ខ្ញុំ ជា​ញឹក​ញាប់ ដើម្បី​យក​ចិត្ត​បរិភោគ​លេង ជាមួយ​ប្រហុក ។ នៅ​ពេល​នោះ ម្តាយ​របស់​ខ្ញុំ តែង​ទាម​ទារ​អោយ​ « បង​រៃ » ច្រៀង​ចម្រៀង ដូរ​ផ្លែ​ឈើ​ទាំង​នោះ ជា​និច្ច ​។ ពួក​យើង​ ក៏​បាន​អង្គុយ​ស្តាប់​គាត់​ច្រៀង​ យ៉ាង​សប្បាយ​ផង ហើយ​ក៏​បាន​បរិភោគ​ចំណី ជុំ​គ្នា​ជា​ញាតិ​ផង ។
យុវតី រស់ សិរីសុទ្ធា មាន​មាឌ​ស្តើង ខ្ពស់​ស្រឡះ សម្បុរ​ខ្មៅ​ស្រស់​ ហើយ​មាន​ទឹក​មុខ​ញញឹម​ជា​និច្ច ​​ ថ្វី​បើ​មាន​ឱកាស​ខ្លះ នារី​យើង មាន​អារម្មណ៍​មិន​ល្អ​ក៏​ដោយ​​ គឺ​នាង​ពូកែ​លាក់​អារម្មណ៍​ណាស់​ មិន​សូវ​មាន​នរណា​បាន​ដឹង នូវ​អារម្មណ៍​ពិត​ប្រាកដ​របស់​នាង​ឡើយ ។​ ម្យ៉ាង​ទៀត មាណវី​ក៏​មិន​មែន​ជា​មនុស្ស​តម្អូញ ឬ ប៉ិន​រអ៊ូ​រទាំ​ច្រើន​នោះ​ដែរ​ តែ​ជា​មនុស្ស​មាន​សម្ដី​ជាក់​លាក់ ម៉ឺង​ម៉ាត់ ធើ្វ​ការ​ម៉ឺង​ម៉ាត់ ហើយ​ឧស្សាហ៍​បំពេញ​ការ​ងារ ដោយ​មិន​បាច់​ដាស់​តឿន​ច្រើន ។ ​​​ នៅ​ឯ​សាលារៀន​វិញ ​សុទ្ធា​ជា​សិស្ស​ឆ្លៀវ​ឆ្លាត​មួយ​រូប​ ហើយ​ក៏​ជា​សិស្ស​នារី​ ដែល​ពូកែ​លេង​កីឡា​បំផុត ​​។ ថ្វី​បើ​យុវតី​បាន​ចូល​រៀន​វិទ្យាល័យ នេត​យ៉ង់ ជំនាន់​ក្រោយ​​អ្នក​ស្រី ប៉ែន រ៉ន និង​អ្នក​ស្រី ហួយ មាស តែ​យុវតី សុទ្ធា មាន​ឈ្មោះ​បោះ​សំឡេង ​ក្នុង​វិទ្យាល័យ​ យ៉ាង​លឿន​រហ័ស ជាង​អ្នក​ទាំង​ពីរ​ទៅ​ទៀត ។ នោះ ព្រោះ​ដោយ​សារ​សំនៀង​ដ៏​ពិរោះ​របស់​យុវតី និង​ដោយ​សារ​ភាព​រួស​រាយ ជា​របៀប​អ្នក​កីឡា​យ៉ាង​ក្លាហាន​នោះ​ឯង ។
កាល​ សុទ្ធា នៅ​តូច​សេចក្តី លោក​គ្រូ រស់ ប៊ុន​​ តែង​នាំ​កូន​ហាត់​លេង​ភ្លេង​ខ្មែរ និង​ហាត់​ច្រៀង​ចម្រៀង​ភ្លេង​ការ ប៉ុន្តែ​មាន​តែ​កុមារី សុទ្ធា ទេ ដែល​មាន​អំណោយ​ទាន​ជាង​គេ ​ផែ្នក​ចម្រៀង ទើប​លោក​ចេះ​តែ​យក​ដើរ​តាម​ជាមួយ នៅ​ពេល​លោក​ចេញ​ទៅ​លេង​ភ្លេង តាម​ពិធី​បុណ្យ​នានា ខាង​ក្រៅ ។​ ដោយ​ការ​ខ្វះ​ខាត​ក្នុង​គ្រួសារ កុមារី សុទ្ធា ត្រូវ​បង្ខំ​ចិត្ត​ ជួយ​ឪពុក​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួសារ​ តាំង​ពី​នៅ​កុមារភាព ។ ​​ ជា​ពិសេស​បំផុត​នោះ គឺ​លោក​តា រស់ ប៊ុន មាន​ភរិយា​ផ្សេង​ទៀត​ហើយ​ដែល​​មាន​កូន​តូច ៗ ជា​ច្រើន ដែល​ត្រូវ​ទំនុក​បម្រុង​បន្ថែម​ផង ។​ ម៉្យាង​ទៀត ក្រុម​គ្រួសារ​របស់​កុមារី សុទ្ធា មិន​មាន​នរណា​មាន​សមត្ថភាព​ខាង​ការ​សិក្សា​ដែរ មាន​តែ​កុមារី សុទ្ធា ទេ​​ ដែល​រៀន​ដុះ​ដាល​ជាង​គេ គឺ​រៀន​ពូកែ ដោយ​មិន​បាច់​បង្ខំ ជ្រោម​ជ្រែង ដាស់​តឿន​ថែម​ពី​ក្រោយ​ប៉ុន្មាន ។​

​មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង

ចំណេរ​ក្រោយ​មក នៅ​ឆ្នាំ ១៩៦៣ នៅ​ក្នុង​វ័យ​ជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏​បាន​ទទួល​រង្វាន់​ពាន​មាស លេខ​មួយ ប្រចាំ​ខេត្ត​ ក្នុង​ឱកាស​ពិធី​ប្រឡង​ចម្រៀង ពេល​បុណ្យ​ចូល​ឆ្នាំ ។ កាល​នោះ អ្នក​ស្រី​ច្រៀង​ចម្រៀង​បី​បទ បទ​ទី​ ១ ជា​បទ​ច្រៀង​ប្រកួត​ប្រជែង​ មាន​ចំណង​ជើង​ថា ចិត្ត​ម្តាយ (ជា​បទ​ដើម​របស់​អ្នក​ស្រី កែវ មន្ថា) និង​បទ​ទី ២ ដែល​ជា​បទ​ច្រៀង​ជា​កិត្តិយស ឈ្មោះ សំបុត្រ​ក្រោម​ខ្នើយ ជា​បទ​ដើម​របស់​អ្នក​ស្រី ម៉ៅ សារ៉េត និង​ចុង​ក្រោយ គឺ​បទ​ទី​ ៣ ច្រៀង​ជា​កិត្តិយស ឈ្មោះ ខ្ទម​ជរា ជា​បទ​ដើម​របស់​អ្នក​ស្រី​ម៉ៅ សារ៉េត ដដែល ។
ក្នុង​ឱកាស​នោះ​ដែរ កូន​ប្រុស​កំលោះ​របស់​លោក​ឧកញ៉ា​គេហបតី គី ស៊ាន​ហូ ថៅកែ​រោង​ចក្រ​អារ​ឈើ​ធំ​ជាង​គេ​ នៅ​ក្រុង​បាត់ដំបង ដែល​ទើប​នឹង​វិល​មក​ពី​សិក្សា​​នៅ​ប្រទេស​បារាំង បាន​មក​ចូល​រួម​ទស្សនា​ពិធី​ប្រឡង​នោះ​ដែរ ។​ កាល​បើ​បាន​យល់​សម្រស់​ដ៏​ស្រស់​ស្អាត អម​ដោយ​ទេពកោសល្យ​សំនៀង​យ៉ាង​ពិរោះ កំលោះ​យើង បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ទៅ​លើ​រូប​កញ្ញា សុទ្ធា ។ (ខ្ញុំ​សូម​អភ័យ​ទោស ដោយ​សារ​កាល​ណោះ ខ្ញុំ​នៅ​ក្មេង​ពេក មិន​សូវ​បាន​ចាប់​អារម្មណ៍​នឹង​រឿង​ទាំង​នោះ​ប៉ុន្មាន ទើប​មិន​បាន​ចាំ​ឈ្មោះ​របស់​លោក​កំលោះ​ម្នាក់​នោះ​ច្បាស់​លាស់​ពិត​ប្រាកដ ម្យ៉ាង​ព្រោះ​លោក​ក៏​មិន​ដែល​រស់​នៅ​ក្នុង​ស្រុក​ជាប់​លាប់​ផង ម៉្លោះ​ហើយ​ខ្ញុំ​ចាំ​តែ​មុខ​របស់​​លោក​តែ​ប៉ុណ្ណោះ តែ​ខ្ញុំ​ស្គាល់​លោក​តា​ គី ស៊ាន​ហូ ជា​ឪពុក​នោះ ច្បាស់​ជាង ព្រោះ​ខ្ញុំ​ដើរ​ទៅ​រៀន​​កាត់​មុខ​វិឡា​របស់​លោក ត្រូវ​លោក​ស្រែក​ហៅ​ខ្ញុំ សួរ​លេង រក​លោក​ឪពុក​របស់​ខ្ញុំ ព្រឹក​ល្ងាច ៗ ។ លោក​តា គី ស៊ាន​ហូ ឧស្សាហ៍​ទៅ​មក រាប់​អាន​លោក​ឪពុក​របស់​ខ្ញុំ ជិត​ដិត​ណាស់​ដែរ ​ ព្រោះ​អី​ផ្ទះ​របស់​ខ្ញុំ ក៏​នៅ​មិន​ឆ្ងាយ​ពី​​គាត់​ប៉ុន្មាន​ ហើយ​លោក​ឪពុក​របស់​ខ្ញុំ ​ក៏​ជា​សាស្ត្រាចារ្យ​ដ៏​ល្បី មាន​ប្រជាប្រិយភាព​ មួយ​រូប​ ប្រចាំ​បាត់ដំបង ដែល​នរណា ៗ ក៏​ស្គាល់ ហើយ​ចូល​ចិត្ត​ហៅ​រក​លោក​ជា​និច្ច ។)
មិន​បាន​ប៉ុន្មាន​អាទិត្យ​ផង ក៏​មាន​គេ​មក​អញ្ជើញ​កញ្ញា សុទ្ធា អោយ​ទៅ​ច្រៀង​កំដរ​ក្នុង​ពិធី​ស្វាគមន៍​កូន​កំលោះ​របស់​លោក​ គី ស៊ាន​ហូ អាយុ​ប្រមាណ ២៤ ឆ្នាំ ដែល​ទើប​បញ្ជប់ ការ​សិក្សា​ផ្នែក​វិស្វកម្ម មក​ពី​ប៉ារីស​​នោះ ។ គេ​ក៏​បាន​សន្យា​ផ្តល់​តម្លៃ​សេវា​ច្រៀង​កំដរ​យ៉ាង​ខ្ពស់ ល្មម​អោយ​ក្រុម​គ្រួសារ​ក្រី​ក្រ​ដូច​លោក​តា រស់ ប៊ុន មិន​ហ៊ាន​ប្រកែក​ថា មិន​អោយ​នាង​ទៅ ។ កាល​​នោះ គេ​មិន​បាន​អញ្ជើញ​លោក​តា ​រស់ ប៊ុន ជា​ឪពុក​ទេ​ ត្បិត​គេ​ចង់​បាន​តែ​អ្នក​ចម្រៀង​ប៉ុណ្ណោះ ។​ គ្រា​នោះ លោក​យាយ សាមៀន បាន​ប្រកែក​មិន​អោយ​កូន​ទៅ​ទេ​ ត្បិត​នៅ​ក្មេង ៗ ពេក មិន​ចង់​អោយ​ចេញ​ដើរ​ហើរ​យប់​ព្រលប់ តែ​លោក​តា រស់ ប៊ុន មិន​ស្តាប់​ឡើយ ។ ដោយ​សារ​លោក​គិត​ថា កូន​ស្រី​អាច​រក​បាន​ប្រាក់​កម្រៃ​ខ្ពស់​ផង ដោយ​សារ​ចង់​អោយ​កូន​ស្រី​ល្បី​ឈ្មោះ ​នៅ​ក្នុងចំណោម​សង្គម​គេហបតី អភិជន ផង​ និង​​ដោយ​សារ​ការ​គោរព​ចំពោះ​គ្រួសារ​លោក​ឧកញ៉ា​គេហបតី គី ស៊ាន​ហូ ដែល​នៅ​ភូមិ​ស្រុក​ជិត​គ្នា​នោះ​ផង លោក​តា រស់ ប៊ុន ក៏​ដាច់​ចិត្ត​បណ្តោយ​អោយ​បង​ប្រុស​របស់​យុវនារី សុទ្ធា ឈ្មោះ រស់ សុគុណ អាយុ ១៩ ឆ្នាំ ជា​អ្នក​ជូន​នាង​ទៅ​ច្រៀង​​ក្នុង​ពិធី​នោះ ។ ចំណែក​លោក​គ្រូ​វិញ ក៏​ត្រូវ​ទៅ​លេង​ភ្លេង​ការ​អោយ​គេ នៅ​កន្លែង​ផ្សេង​មួយ​ទៀត នៅ​យប់​នោះ​ដែរ ។​ លុះ​រំលង​ម៉ោង ១២ អធ្រាត យុវជន សុគុណ បាន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​​តែ​ម្នាក់​ឯង​​ ជម្រាប​ឪពុក​ម្តាយ​ថា​ សុទ្ធា ត្រូវ​គេ​ឃាត់​ទុក​អោយ​នៅ​គេង​ទី​នោះ ត្បិត​​យប់​ជ្រៅ​ពេក មិន​ចង់​អោយ​កូន​ស្រី​ជិះ​កង់ ធ្វើ​ដំណើរ​មក​ផ្ទះ ទាំង​យប់​ងងិត ខ្លាច​ខ្វះ​សុវត្ថិភាព​ តែ​គេ​បាន​ប្រគល់​ប្រាក់​កម្រៃ​​ តាម​រយៈ សុគុណ អោយ​យក​មក​ជូន​លោក​គ្រូ រស់ ប៊ុន គ្រប់​ចំនួន តាម​សន្យា​ហើយ ។ នៅ​ពេល​នោះ លោក​គ្រូ រស់ ប៊ុន និងភរិយា មាន​អារម្មណ៍​មិន​ល្អ​ទេ ហើយ​ក៏​ស្តី​បន្ទោស​កូន​ប្រុស​ពេញ​មួយ​យប់​ មិន​បាន​ដេក​ពួន​ឡើយ ។​​
លុះ​ព្រហាម​ស្រាង​ឡើង លោក​គ្រូ រស់ ប៊ុន ឡើង​ជិះ​រ៉ឺម៉ក ទៅ​តាម​រក​កូន​ស្រី នៅ​គេហដ្ឋាន​លោក គី ស៊ាន​ហូ​ ស្រាប់​តែ​បាន​ជួប​នឹង​កូន កំពុង​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​មុខ​បន្ទាយ​ជើង​ក្រហម ។ ​ នាង​ស្ទុះ​ទៅ​អោប​ឪពុក​ ស្រែក​ទ្រហោ​យំ ជម្រាប​លោក​ថា​ កូន​ប្រុស​លោក គី ស៊ាន​ហូ បាន​ប្រព្រឹត្ត​អនាចារ្យ ទាំង​ស្រវឹង​ស្រា មក​លើ​រូប​នាង​ ពេល​ភ្ញៀវ​ចេញ​ទៅ​ផ្ទះ​អស់ ។​ ពេល​នោះ លោក​តា រស់ ប៊ុន កើត​ក្តី​ក្រេវ​ក្រោធ​ខ្លាំង​ណាស់​ ក៏​ទៅ​ស្កាត់​ជួប​កំលោះ​នោះ នៅ​ផ្ទះ​របស់េ​គេ ។​ កាល​បើ​បាន​ស្តាប់​ពាក្យ​របស់​លោក​គ្រូ រស់ ប៊ុន ចប់ លោក គី ស៊ាន​ហូ ជា​ឪពុក ក៏​ច្រឡោត​ខឹង​សម្បា​នឹង​កូន​ប្រុស រហូត​លើក​ដៃ​យារ​​ ទះ​កំផ្លៀង​កូន​ប្រុស​យ៉ាង​ធ្ងន់ ។​ កំលោះ​នោះ បាន​អង្វរ​សូម​អោយ​លោក​ឪពុក​ទាំង​ពីរ​សម្រួល​នឹង​គ្នា ហើយ​គេ​ក៏​ស្ម័គ្រ​ចិត្ត ទទួល​យក​យុវនារី សុទ្ធា ជា​គូ​គ្រង​ត្រឹម​ត្រូវ ពេញ​ច្បាប់ ។ ប៉ុន្តែ លោក គី ស៊ាន​ហូ និង​ភរិយា មិន​ព្រម​ ​ ត្បិត​លោក​បាន​ចង​ពាក្យ ចង​សំដី នឹង​គ្រួសារ​ឧកញ៉ា​គេហបតី ជា​មិត្ត​មួយ​រូប ថា នឹង​ភ្ជាប់​សាច់​ឈាម​កូន​កំលោះ​របស់​លោក ជាមួយ​កូន​ស្រី​របស់​គេ ។​ ដូច្នេះ លោក​មិន​អាច​ផ្លាស់​ប្តូរ​គម្រោង​ការ​នោះ អោយ​អាប់​មុខ អាប់​យស ខូច​សំដី​របស់​លោក បាន​ឡើយ ។ ម៉្យាង​ទៀត ក្រុម​គ្រួសារ​របស់​លោក​គ្រូ រស់ ប៊ុន ជា​វណ្ណៈ​ក្រី​ក្រ​អធន​បំផុត មិន​សក្តិ​សម​នឹង​អោយ​គ្រួសារ​លោក គី ស៊ាន​ហូ ទទួល​ភ្ជាប់​សាច់​ឈាម​បាន​ដែរ ។ ពេល​នោះ លោក​ គី ស៊ាន​ហូ និង​ភរិយា បាន​ប្រគល់​ប្រាក់​សង​ជំងឺ​ចិត្ត មួយ​ចំនួន ទៅ​លោក​គ្រូ រស់ ប៊ុន តែ​លោក​គ្រូ​ប្រកែក​មិន​ទទួល ដោយ​តវ៉ា​ថា កូន​ប្រុស​របស់​លោក គី ស៊ាន​ហូ ត្រូវ​ទទួល​ទោស​ផែ្នក​រដ្ឋប្បវេណី​ គឺ​រៀប​ការ​នឹង​សុទ្ធា​ជា​គូ បើ​មិន​ដូច្នោះ​ទេ គេ​ត្រូវ​ទទួល​ទោស តាម​ច្បាប់​តុលាការ ដោយ​សារ​ទោស​ប្រព្រឹត្ត​បទ​អនាចារ្យ​លើ​នារី ។​ ថ្វី​បើ​ត្រូវ​លោក​តា រស់ ប៊ុន គំរាម​យ៉ាង​នោះ​ក៏​ដោយ ក៏​លោក គី ស៊ាន​ហូ នៅ​មិន​ព្រម​ដដែល​ ដែល​ជា​ហេតុ​ធ្វើ​អោយ​លោក​តា រស់ ប៊ុន កាន់​តែ​ខឹង​ច្រឡោត​ឡើង រហូត​រត់​លក់​ដី​ស្រែ ដី​ចំការ និង​កេរ​អាករ​ទាំង​ឡាយ របស់​ក្រុម​គ្រួសារ​ យក​ប្រាក់​ទៅ​រត់​ការ​ប្តឹង​ផ្តល់ ដើម្បី​ដាក់​ទោស​កូន​ប្រុស​​របស់​លោក​ គី ស៊ាន​ហូ ។ ​ ចៃដន្យ ធន​ធាន​ដ៏​ទន់​ទាប​របស់​ក្រុម​គ្រួសារ​លោក​គ្រូ រស់ ប៊ុន មិន​អាច​ទិញ​យក​ភាព​យុត្តិធម៌​ពី​តុលាការ ជូន​កូន​ស្រី​កំសត់​របស់​គាត់​បាន​ឡើយ ។ ​​ ទី​បំផុត លោក​គ្រូ​ក៏​ត្រូវ​ចាញ់​ក្តី​ជាមួយ​អ្នក​មាន​ទ្រព្យ ដដែល ។​
បន្ទាប់​ពី​នោះ​មក ​ លោក​គ្រូ​ក៏​មាន​ជម្លោះ​នឹង​ភរិយា​ ដោយ​សារ​ការ​បាត់​បង់​ដី​ស្រែ​ ដី​ចំការ អស់​ដើម​ទុន​នឹង​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត ​។​ លោក​គ្រូ​ក៏​ចុះ​ចោល​ក្រុម​គ្រួសារ ទៅ​រស់​នៅ​ជាមួយ​ភរិយា​ចុង ឈ្មោះ រើត នៅ​ឃុំ​ស្រមោច ស្រុក​សិរី​សោភ័ណ បាត់ដំបង ​រួច​ក៏​លែង​ត្រឡប់​មក​ផ្គត់​ផ្គង់​គ្រួសារ​ដូច​មុន ៗ ទៀត ។ ​ ដោយ​ហេតុ​ជម្លោះ​ក្នុង​គ្រួសារ​ផង និង ដោយ​អាម៉ាស់​នឹង​រឿង​រ៉ាវ​អប្រិយ​ទាំង​ឡាយ​នោះ​ផង យុវតី សុទ្ធា ក៏​សម្រេច​ចិត្ត​ឈប់​រៀន​ពី​អនុវិទ្យាល័យ ត្បិត​មិន​អាច​ប្រឈម​មុខ​នឹង​ការ​សម្លឹង​សម្លក់​របស់​សង្គម​បាន ។ សុទ្ធា ក៏​ប្រកប​របរ​រក​ស៊ី ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួច ក្នុង​ភូមិ​​ផង​ ជា​អ្នក​ចម្រៀង​ភ្លេង​ការ ប្រចាំ​ភូមិ​ផង ដើម្បី​ជួយ​ផ្គត់​ផ្គង់​ការ​ខ្វះ​ខាត នៅ​ក្នុង​គ្រួសារ ចាប់​តាំង​ពី​ថ្ងៃ ដែល​ឪពុក​នាង ចុះ​ចេញ​ពី​ផ្ទះ​ទៅ ។ កាល​នោះ យុវតី សុទ្ធា តែង​តែ​រត់​មក​រក​អ្នក​ម្តាយ​លោក​ឪពុក​របស់​ខ្ញុំ ជា​និច្ច​ជា​កាល​ ដើម្បី​ស្វែង​រក​កម្លាំង​ចិត្ត និង​ការ​ណែ​នាំ​នូវ​គំនិត​ល្អ ៗ សម្រាប់​ក​សាង​ជីវិត​អនាគត​ជា​បន្ត​ទៀត ។ ក្រោយ​មក លោក​ឪពុក​របស់​ខ្ញុំ (លោក​សាស្ត្រាចារ្យ ប៊ុន ថង) បាន​នាំ​យក​យុវតី សុទ្ធា ទៅ​ផ្ញើ​នឹង​លោក សុខ ​ឌីណារី និងលោក ឌី​ កាណាល់ ដែល​ជា​អ្នក​ចាត់​ចែង​នៅ​ក្នុង​វង់​តន្រ្តី លំហែ​យោធា ជា​វង់​ភ្លេង​ប្រគំ​ប្រចាំ​រង្គសាល ស្ទឹង​ខៀវ ក្រុង​បាត់ដំបង​ ដើម្បី​ជួយ​អោយ​នាង​បាន​ទទួល​មុខ​របរ ដែល​មាន​ប្រាក់​ចំណូល​ទៀង​ទាត់ ។ នៅ​ពេល​នោះ លោក​គ្រូ ប៊ុន ថង បាន​ប្រតិស្ឋ​នាម​ថ្មី អោយ​ទៅ​យុវតី សុទ្ធា​ ជា​ផ្លូវ​ការ ក្នុង​មុខ​របរ​ជំនាញ ជា​អ្នក​ចម្រៀង​អាជីព​ថា​ រស់ សិរី​​សុទ្ធា ក្នុង​គោល​បំណង​ជូន​ប្រសិទ្ធិពរ​ជ័យ អោយ​យុវតី បាន​ជួប​តែ សិរី​សួស្តី រហូត​ត​ទៅ កុំ​អោយ​ជួប​រឿង​រ៉ាវ​អប្រិយ​​ ដូច​កាល​កន្លង​ទៅ​នោះ ត​ទៅ​ទៀត ។ ប៉ុន្តែ ចំណេរ​ក្រោយ ៗ មក យើង​បែរ​ជា​ឃើញ​ឈ្មោះ​របស់​អ្នក​ស្រី ត្រូវ​គេ​សរសេរ​កែ​ទៅ​ជា រស់ សេរីសុទ្ធា ទៅ​វិញ ។​ ​​ ចំណែក រស់ សោភ័ណ ជា​ប្អូន​ស្រី ក៏​មាន​រឿង​រ៉ាវ​ជីវិត​កំសត់​ណាស់​ដែរ ទើប​សម្រេច​ចិត្ត​ទទួល​យក​ឈ្មោះ​កណ្តាល​​ថា​​ សិរី មក​បន្ថែម​ពី​លើ​ឈ្មោះ​ចាស់​របស់​ខ្លួន​ដែរ ​ នៅ​ពេល​នាង​ចេញ​ទៅ​ប្រកប​អាជីព​ជា​អ្នក​ចម្រៀង តាម​ពី​ក្រោយ​បង​ស្រី សុទ្ធា​ នៅ​ភ្នំ​ពេញ ។
មិន​តែ​ប៉ុណ្ណោះ លោក​ឪពុក​របស់​ខ្ញុំ បាន​ណែ​នាំ ​សុទ្ធា អោយ​ស្គាល់​អ្នក​ចម្រៀង​ប្រចាំ​ខេត្ត​បាត់ដំបង​ជា​ច្រើន ដូច​ជា លោក អ៊ឹម សុង​សឺម ជា​អតីត​គ្រូ​បង្រៀន នៅ​ភូមិ​កំពង់​ព្រះ បាត់ដំបង, អ្នក​ស្រី ប៉ែន រ៉ន និង អ្នក​ស្រី ហួយ មាស ដែល​ច្រៀង​នៅ​រង្គសាល​ស្ទឹង​ខៀវ​ដែរ ហើយ​ក៏​ជា​អតីត​សិស្ស​របស់​លោក​ផ្ទាល់​ ដែល​ក្រោយ​មក បាន​ទៅ​ចេញ​ច្រៀង មាន​ឈ្មោះ​បោះ​សំឡេង នៅ​រាជធានី​ភ្នំ​ពេញ ។ ដោយ​សារ​ទេពកោសល្យ និង​និស្ស័យ​សម្បទា​ល្អ​ប្រសើរ អ្នក​ស្រី រស់ សុទ្ធា ក៏​បាន​ទទួល​ការ​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ ពី​សំណាក់​រៀម​ច្បង និង​មិត្ត​រួម​អាជីព ទាំង​អស់​នោះ ។ ម៉្យាងទៀត លោក​ឪពុក​របស់​ខ្ញុំ ក៏​ជា​អ្នក​លេង​ភ្លេង​ចាប៉ី ស្គរ ហ្គីតា យ៉ាង​ចំណាន​ម្នាក់ ហើយ​ថែម​ទាំង​ចេះ​អក្សរ​ភ្លេង​ថែម​ទៀត​ផង ។​ ថ្វី​បើ​លោក​មិន​ដែល​បាន​ប្រកប​របរ​ខាង​ផ្នែក​តន្រ្តី​ក៏​ដោយ ក៏​ថ្វី​ដៃ​របស់​លោក បាន​ជួយ​បណ្តុះ​បណ្តាល​សិស្ស​របស់​លោក ជា​ច្រើន​នាក់ អោយ​ក្លាយ​ជា​តារា​យ៉ាង​ល្បី​ល្បាញ​ នៅ​កម្ពុជា មាន​ លោក អ៊ឹម សុង​សឺម, អ្នក​ស្រី ​ហួយ មាស, អ្នក​ស្រី ប៉ែន រ៉ន និង​ប្អូន​ស្រី​ទាំង​បី (អ្នក​ស្រី ប៉ែន រ៉ម, អ្នក​ស្រី ប៉ែន រ៉ាំ និង​អ្នក​ស្រី ប៉ែន ចន្ថា) ជា​ដើម ។ នៅ​ពេល​ទំនេរ​ពី​កិច្ចការ​ជា​សាស្រ្តាចារ្យ នៅ​វិទ្យាល័យ អ៊ាប​ឃុត នេត​យ៉ង់ លោក​តែង​បងើ្កត​ថ្នាក់​បង្រៀន​នៅ​ផ្ទះ អោយ​សិស្ស​នានា​មក​ជួប​ជុំ​គ្នា ធ្វើ​លំហាត់​សាលា ដើម្បី​រក​មធ្យោបាយ​រៀន អោយ​កាន់​តែ​ពូកែ ជួន​កាល​ក៏​នាំ​សិស្ស​ហាត់​លេង​តន្ត្រី ច្រៀង​ចម្រៀង​​ល្អ ៗ ឬ​ហ្វឹក​ហ្វឺន​ភាសា​សន្ទនា បង្ក​បង្កើន​ចំណាប់​អារម្មណ៍​ពី​អ្នក​ស្តាប់ ដោយ​រក្សា​ភាព​ថ្លែ​ថ្នូរ​ប្រពៃ ។ សិស្ស​ដែល​មក​រៀន ភាគ​ច្រើន​ជា​សិស្ស​ក្រី​ក្រ ស្នាក់​នៅ​តាម​វត្ត ឬ​ជា​សិស្ស ដែល​គ្មាន​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​ខ្លួន ។ នៅ​ក្នុង​ចំណោម​សិស្ស​ទាំង​ឡាយ ដែល​លោក​ជួយ​ដុស​ខាត់​ទេពកោសល្យ​នោះ មាន​អ្នក​ស្រី​ ប៉ែន រ៉ន ដែល​ចូល​ចិត្ត​កំប្លែង​ ក្រមាច់​ក្រមើម, អ្នក​ស្រី ហួយ មាស ដែល​ចូល​ចិត្ត​សូត្រ​ធម៌​ សូត្រ​កំណាព្យ និង​ចូល​ចិត្ត​អាន​រឿង​និទាន​ខ្លី ៗ អោយ​មិត្ត​រួម​ថ្នាក់​ស្តាប់​​ និង​យុវតី សុទ្ធា ដែល​ចូល​ចិត្ត​ច្រៀង​បទ​ចម្រៀង​កំសត់ ៗ ដោយ​មិន​ចេះ​ហត់​នឿយ ឬ​ធុញ​ទ្រាន់ ។

​ប្រវត្តិជាអ្នកចម្រៀងអាជីព

ពេល​បាន​មក​ដល់​ក្រុង​ភ្នំ​ពេញ​ដំបូង នៅ​ចុង​ឆ្នាំ ១៩៦៧ យុវតី សុទ្ធា បាន​ចូល​បម្រើ​ជា​អ្នក​ចម្រៀង ជាមួយ​ក្រុម​តន្រ្តី យោធា​ភិរម្យ ក្រសួង​ឃោសនាការ ហើយ​បាន​ចេញ​សម្តែង ជា​សាធារណៈ​ជា​ញឹក​ញាប់ ជា​ដៃ​គូ​សំនៀង​របស់​លោក អ៊ឹម សុងសឺម​ ដែល​តែង​តែ​ផ្តល់​ការ​ជ្រោម​ជ្រែង និង​ការ​ណែ​នាំ​ផ្លូវ​ជីវិត យ៉ាង​កក់​ក្តៅ ដល់​រូប​នាង ហាក់​បី​ដូច​ជា សាច់​ញាតិ​មួយ​រូប​របស់​លោក​ដូច្នោះ ។ កាល​នោះ យុវតី​បាន​ជួល​ផ្ធះ នៅ​ក្បែរ​សាលា​ពៅ​អ៊ុំ ជិត​ផ្ទះ​អ្នក​ស្រី ហួយ មាស ។ ​ ពេល​ទៅ​ធ្វើ​ការ យុវតី​តែង​តែ​​ជិះ​ស៊ីក្លូ​ជា​ប្រចាំ ពុំ​នោះ​សោត នាង​តែង​សណ្តោង​តាម​រថ​យន្ត​របស់​លោក អ៊ឹម សុង​សឺម ដែល​ទៅ​ធ្វើ​ការ​ទី​នោះ​ដែរ ។​ ក្រោយ ៗ មក ដោយ​ទេពកោសល្យ​ដ៏​លេច​ធ្លោ​របស់​នាង យុវតី​បាន​ត្រូវ​គេ​ជ្រើស​រើស​ជា​អ្នក​ចម្រៀង​ប្រចាំ​ការ នៅ​រង្គសាល​មេគង្គ រង្គសាល​បែល​អ៊ែរ នៅ​ពោធិ៍​ចិន​តុង​ ជា​ដើម ។ ​ តាំង​ពី​ពេល​នោះ​មក យុវតី​ក៏​ចាប់​មាន​ទំនាក់​ទំនង​ជាមួយ​តារា​ចម្រៀង​មក​ពី​បាត់ដំបង​ដូច​គ្នា អ្នក​ចម្រៀង​នៅ​ភ្នំ​ពេញ​ ​ និង​អ្នក​ចម្រៀង​ពី​តាម​ខេត្ត​នានា ជា​ច្រើន​ទៀត ​​ ដូច​ជា​លោក​ តូច តេង, លោក សុះ ម៉ាត់, លោក មាស ហុក​សេង, អ្នក​ស្រី ម៉ៅ សារ៉េត, អ្នក​ស្រី កែវ មន្ថា, អ្នក​ស្រី ឈួន ម៉ាឡៃ ជា​ដើម ។​ នៅ​ទី​បំផុត​ យុវតី​យើង ក៏​បាន​ជួប​នឹង​អធិរាជ​សំនៀង​ទេព ស៊ិន ស៊ីសាមុត​ ហើយ​ជីវិត​ជា​អ្នក​ចម្រៀង​វិញ ក៏​កាន់​តែ​លេច​ធ្លោ​អណ្តែត​ឡើង​ថែម​ទៀត យ៉ាង​ឆាប់រហ័ស ហួស​ការ​ស្មាន​ តាំង​ពី​ពេល​នោះ​មក ​។​ រស់ សិរី​សុទ្ធា ឬ រស់ សេរី​សុទ្ធា បាន​ទទួល​ប្រិយភាព និង​ការ​គាំ​ទ្រ​ពេញ​ប្រទេស រួម​ទាំង​មហាក្សត្រ នាម៉ឺន​មុខ​មន្រ្តី និង​ប្រជា​ពលរដ្ឋ​ខែ្មរ​ទាំង​មូល ។ នៅ​ឆ្នាំ ១៩៦៩ អ្នក​ចម្រៀង​វ័យ​ក្មេង​របស់​យើង បាន​ទទួល​គោរម​ងារ​ពី​ព្រះ​ប្រមុខ​រដ្ឋ​ខ្មែរ សម្តេច​ព្រះ​ឧបយុវរាជ នរោត្តម សីហនុ ថា ជា​ រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា ។ ដោយ​សារ​ទឹក​ដម​សំនៀង និង​ទេពកោសល្យ​ដ៏​ឆ្នើម យុវតី​ សុទ្ធា បាន​ត្រូវ​លោក​ ស៊ិន ស៊ីសាមុត ណែ​នាំ​ខ្លួន អោយ​ជួប​នឹង​លោក ពៅ ស៊ីផូ, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន និង​អ្នក​និពន្ធ​បទ​ភ្លេង អ្នក​លេង​តូរ្យ​តន្ត្រី​យ៉ាង​ចំណាន ៗ ដទៃ​ទៀត​ ដូច​ជា លោក គង្គ​ ប៊ុន​ឈឿន, លោក មែរ ប៊ុន, លោក ហេង ហួរ​វេង​, លោក ម៉ា ឡៅពី, លោក ស្វាយ សំអឿ, លោក អ៊ុំ សុផានុរក្ស ដែល​ជា​ស្វាមី​របស់​អ្នក​ស្រី ហួយ មាស​ ជា​ដើម ។
នៅ​ក្នុង​អំឡុង​ពេល ដែល​យុវនារី សុទ្ធា ដ៏​ស្រស់​សោភា កំពុង​មាន​ឈ្មោះ​បោះសំឡេង ល្បី​ល្បាញ​នោះ មាន​បុរស​មួយ​រូប ជា​ម្ចាស់​រង្គសាល​ព្រះ​ច័ន្ទ​ពេញ​វង់ និង​ជា​កូន​របស់​ថៅកែ​ភាព​យន្ត​មួយ​រូប​ បាន​តាម​ភ្ជាប់​ចំណង​មេត្រីភាព ជាមួយ​រូប​នាង​​ ប៉ុន្តែ​បាន​ត្រូវ​ក្រុម​គ្រួសារ​របស់​លោក តាម​ឆាឆៅ ជំទាស់​ជាប់​រហូត ថែម​ទាំង​តាម​គំរាម​កំហែង ដល់​សុវត្ថិភាព​របស់​នាង ទៀត​ផង ។ ដោយ​ក្តី​រំខាន​ក្នុង​ចិត្ត​ខ្លាំង​ពេក អ្នក​ស្រី​ក៏​សម្រេច​ចិត្ត​រៀប​ការ​យ៉ាង​ទាន់​ហន់​ នៅ​ឆ្នាំ ១៩៦៨ ជាមួយ​លោក សុះ ម៉ាត់ ដែល​ជា​អ្នក​ចម្រៀង​បុរស​ ដែល​មាន​រូប​សង្ហា សម្បូរ​ស្នេហ៍ មួយ​រូប​ដែរ ​ ហើយ​ដែល​កំពុង​តាម​ជួយ​ជ្រោម​ជ្រែង​រូប​នាង អោយ​ក្លាយ​ជា​តារា​រះ​យ៉ាង​ភ្លឺ​ចិញ្ចាច​នៅ​ក្នុង​ផ្ទៃ​កម្ពុជា ។ កាល​ណោះ ក្រុម​គ្រួសារ​សាច់​ញាតិ នៅ​បាត់ដំបង ទាំង​ម្តាយ​និង​បង​ប្អូន មិន​សប្បាយ​ចិត្ត​ទេ​ ព្រោះ​លោក សុះ ម៉ាត់ ធ្លាប់​មាន​ភរិយា​ពីរ​នាក់​រួច​មក​ហើយ ហើយ​ក៏​មិន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​នារី​ណា​ម្នាក់​ដែរ ។ ប៉ុន្តែ ក៏​គ្មាន​នរណា អាច​ឃាត់​នាង​បាន​ដែរ ព្រោះ​ពួក​គេ​ម្នាក់ ៗ សុទ្ធ​តែ​ជាប់​ជំពាក់​គុណ​បំណាច់​ទំនុក​បម្រុង​របស់ សុទ្ធា គ្រប់ ៗ គ្នា ។​ ម្ល៉ោះ​ហើយ សុទ្ធា ក៏​បាន​ចេញ​មុខ រៀប​ការ​ជាមួយ​លោក សុះ ម៉ាត់ ពេញ​ច្បាប់ ដោយ​មាន​ភរិយា​ដើម​ទាំង​ពីរ​រូប​​របស់​លោក សុះ ម៉ាត់ មក​ចូល​រួម​ពិធី​មង្គល​ការនោះ​ផង ។ ប៉ុនែ្ត ចំណង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ មិន​មាន​អាយុ​ច្រើន​ខែ​ទេ​ ព្រោះ​លោក សុះ ម៉ាត់ មាន​ចរិត​ប្រច័ណ្ឌ​ច្រើន ហើយ​បាន​ធ្លាប់​ទាត់​ធាក់ វាយ​ដំ​អ្នក​ស្រី សុទ្ធា យ៉ាង​ទារុណ ។ មាន​កាល​មួយ​នោះ ក្រោយ​ពី​រៀប​ការ​ហីយ​បាន ៥ ឬ ៦ ខែ លោក សុះ ម៉ាត់ បាន​ស្ទុះ​ឡើង​ទៅ​​ទះ​តប់​​វាយ​ធ្វើ​បាប​ភរិយា​​យ៉ាង​ដំណំ នៅ​លើ​វេទិកា​ចម្រៀង ក្នុង​ចំណោម​ភ្ញៀវ​កំពុងជប់លៀងអ៊ូអរ ដោយ​សារ​ក្តី​ប្រច័ណ្ឌ​ចំពោះ​ភ្ញៀវ ដែល​និយាយ​លលេង ទៅ​អ្នក​ស្រី ពេល​សម្តែង​នៅ​លើ​ឆាក ។​ ដោយ​មូលហេតុ​នៃ​ការ​វាយ​ដំ​នោះ អ្នក​ស្រី សុទ្ធា បាន​បាត់​បង់​​ទារក​ក្នុង​ផ្ទៃ​មួយ​រូប អាយុ ៥ ខែ គឺ​ក្មេង​ស្លាប់​ទាំង​មិន​ទាន់​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ ។ រី​ឯ​អ្នក​ស្រី​វិញ ក៏​ត្រូវ​រង​របួស​ផ្លូវ​កាយ ដែល​ត្រូវ​ការ​ការ​ព្យាបាល​យ៉ាង​យូរ ទម្រាំ​នឹង​ជា​សះ​ស្បើយ​មក​វិញ ។ ដោយ​ឃើញ​ប្អូន​ស្រី រង​របួស​ធ្ងន់​ពេក អ្នក​សី្រ សាបឿន ជា​បង​ បាន​ជំរុញ​អោយ​អ្នក​ស្រី សុទ្ធា ដាក់​ពាក្យ​ប្តឹង​លែង​លះ តែ​ត្រូវ​លោក សុះ ម៉ាត់ តាម​គំរាម​កំហែង​ រក​សម្លាប់​អស់​មួយ​ពូជ ។ ពេល​នោះ អ្នក​ស្រី សាបឿន កើត​មាន​ចិត្ត​ភិត​ភ័យ ចំពោះ​សុវត្តិភាព​របស់​អ្នក​ស្រី សុទ្ធា ក៏​នាំ​ប្អូន​ត្រឡប់​មក​រស់​នៅ​ឯ​បាត់ដំបង​វិញ ​។ ដំណឹង​នេះ​បានល្បី ទៅ​ដល់​លោក ស៊ិន ស៊ីសាមុត រហូត​ធ្វើ​អោយ​លោក​ចេញ​មុខ​អន្តរាគមន៍ ដោយ​ធ្វើ​ដំណើរ​មក​តាម​រក​អ្នក​ស្រី សុទ្ធា​ ដល់​លំនៅ ឯ​បាត់ដំបង ។​ លោក​បាន​អញ្ជើញ​អ្នក​ស្រី​អោយ​វិល​ត្រឡប់​ទៅ​ច្រៀង​ជាមួយ​លោក​វិញ​ ដោយ​ធានា​សុវត្ថិភាព ១០០ ភាគ​រយ​ដល់​អ្នក​ស្រី ។​ លុះ​ត្រឡប់​មក​ដល់​ភ្នំ​ពេញ​វិញ អ្នក​ស្រី​ក៏​បាន​ប្តូរ​មក​រស់​នៅ​ម្តុំ​វត្ត​នាគវ័ន ដើម្បី​ចៀស​មិន​អោយ​ជួប​មុខ​លោក សុះ ម៉ាត់ ត​ទៅ​ទៀត ហើយ​ក៏​បន្ត​ទេពកោសល្យ ជា​រាជិនី​សំនៀង​មាស​ប្រចាំ​កម្ពុជា ជា​មួយ​លោក ស៊ិន ស៊ីសាមុត និង​ក្រុម​តន្រ្តី ដែល​លោក ស៊ិន ស៊ីសាមុត ណែ​នាំ​តែ​ប៉ុណ្ណោះ ។​ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ស្រី​ក៏​បាន​រស់​នៅ​រក​ស៊ី ដោយ​សុខ​សប្បាយ ហើយ​ចម្រុង​ចម្រើន​រហូត​រៀង​បន្ត​មក ។
ជាង​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត នៅ​ចុង​ឆ្នាំ ១៩៦៩ អ្នក​ស្រី សុទ្ធា បាន​ជួប​នឹង​កំលោះ​មួយ​រួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជា​កូន​ប្រុស​របស់​ថៅកែ វណ្ណ ច័ន្ទ ម្ចាស់​ផលិតកម្ម​ថាស​ចម្រៀង​ដ៏​ល្បី​ល្បាញ​ជំនាន់​នោះ​ រួចហើយ​ក៏​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​នោះ រហូត​ដល់​បាន​កូន​ប្រុស​មួយ ។ អ្នក​ទាំង​ពីរ​រស់​នៅ​សុខ​សាន្ត មាន​សុភមង្គល​ពេញ​លក្ខណៈ មិន​មាន​ការ​រកាំ​រកូស អ្វី​បន្តិច​ឡើយ ​​។ ​ រី​ឯ​មុខ​របរ​រក​ស៊ី​ខាង​ផលិត​បទ​ចម្រៀង​វិញ ក៏​កាន់​តែ​រីក​ចម្រើន​ឡើង ជា​លំដាប់ ។
រវាង​ឆ្នាំ ១៩៧០ អ្នក​ស្រី សុទ្ធា បាន​ជាប់​កំណែន​ជា​សមាជិក​កង​ទ័ព​ឆត្រ​យោង បម្រើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ ថែម​ទាំង​ជា​នារី​ខ្មែរ​តែ​មួយ​រូប​គត់ ដែល​ហ៊ាន​លោត​ឆត្រ​យោង​ពី​លើ​អាកាស ក្នុង​ប្រវត្តិសាស្រ្ត​កម្ពុជា ។ ពេល​នោះ កិត្តិសព្ទ​របស់​អ្នក​ស្រី ក៏​កាន់​តែ​មាន​ប្រជាប្រិយភាព រីក​សុះ​សាយ​ថែម​ទៀត តាម​រយៈ​ការ​ផ្សាយ​តាម​កាសែត តាម​វិទ្យុ និង​តាម​ទូរទស្សន៍ អំពី​សកម្មភាព​លោត​ឆត្រ​យោង​របស់​អ្នក​ស្រី ។ ​ ឯ​រូប​សោភ័ណ​របស់​អ្នក​ស្រី និង​សំនៀង​របស់​អ្នក​ស្រី​ ក៏​កាន់​តែ​ក្លាយ​ជា​ទី​ចាប់​ចិត្ត ចាប់​អារម្មណ៍ នៃ​មនុស្ស​ផង​ទាំង​ពួង​ រួម​ទាំង​លោក​ឧត្តមសេនីយ ស្រី យ៉ា ដែល​ជា​មេ​បញ្ជាការ​កង​ទ័ព​ឆត្រ​យោង មាន​ទី​តាំង​នៅ​ជិត​បណ្ឌិត​រាជសភា និង​មហាវិទ្យាល័យ​មនុស្សសាស្រ្ត នោះ​ទៀត​ផង ។
នៅ​ថ្ងៃ​មួយ ក្នុង​ឆ្នាំ ១៩៧១ មាន​ក្រុម​ទាហាន​មួយ​ហ្វូង បើក​ឡាន​ហ្ស៊ីប​ចូល​មក​អញ្ជើញ​អ្នក​ស្រី​ចេញ​ពី​ផ្ទះ នាំ​ខ្លួន​អ្នក​ស្រី ទាំង​កណ្តាល​យប់ ទៅ​ជូប​លោក​ឧត្តមសេនីយ ស្រី យ៉ា​​ ហើយ​បាន​ត្រូវ​ឃាត់​ខ្លួន​ទុក​នៅ​ទី​នោះ មិន​អោយ​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ ។ ពេល​នោះ បង​ប្រុស​របស់​អ្នក​ស្រី ឈ្មោះ​ លោក រស់ សុគុណ បាន​ចេញ​មុខ​ជំនួស​លោក ស៊ីផាន់ សូម​ធានា​យក​ខ្លួន​របស់​អ្នក​ស្រី សុទ្ធា ត្រឡប់​មក​ផ្ទះ​វិញ តែ​ក៏​ត្រូវ​លោក ស្រី យ៉ា គំរាម​កំហែង ចង់​យាយី​ជីវិត​របស់​លោក ស៊ីផាន់ ទៀត​ផង ។​ ដោយ​ការ​ភិត​ភ័យ​ខ្លាំង​ពេក លោក​ហ៊ុយ ស៊ីផាន់ បាន​នាំ​កូន​ប្រុស គេច​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​បារាំង រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។​
កាល​នោះ ភរិយា​ដើម​របស់​លោក ស្រី យ៉ា មាន​រោគ​ស្រ្តី មិន​អាច​មាន​បុត្រ​បាន​ ទើប​លោក ស្រី យ៉ា​ បាន​ប្រើ​អំណាច​បង្ខំ​ចាប់​យក​អ្នក​ស្រី សុទ្ធា មក​ធ្វើ​ជា​ភរិយា​ចុង​តែ​ម្តង​ទៅ ។ ពេល​ដែល​បាន​មក​រស់​នៅ​ជាមួយ​លោក ស្រី យ៉ា អ្នក​ស្រី សុទ្ធា បាន​សុំ​យក​បង​ប្រុស​ រស់ សុគុណ និង​ប្អូន​ស្រី​ពៅ រស់ សោភ័ណ មក​រស់​នៅ​ជាមួយ ហើយ​ក៏​ជួយ​បណ្តុះ​បណ្តាល​បង​ប្អូន អោយ​មាន​អាជីព​នឹង​គេ ។ នៅ​ពេល​នោះ រស់ សោភ័ណ ក៏​បាន​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​ ​ ដោយ​ប្រតិស្ឋ​នាម​ថ្មី​ថា រស់ សិរី​សោភ័ណ ក្រោយ​មក ក៏​បាន​ជួប​នឹង លោក អ៊ុក ស៊ីណារ៉េត ដែល​ជា​អ្នក​តូរ្យ​តន្រ្តី​មួយ​រូប នៅ​ភ្នំពេញ ហើយ​ក៏​បាន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៅ ។
នៅ​អំឡុង​បួន​ឆ្នាំ ដែល​អ្នក​ស្រី សុទ្ធា រស់​នៅ​ជាមួយ​លោក ស្រី យ៉ា អ្នក​ស្រី​មាន​បុត្រ​បួន​រូប ។ មាន​ពេល​ខ្លះ អ្នក​ស្រី​ សុទ្ធា ត្រូវ​ជិះ​យន្ត​ហោះ​ចេញ​ក្រៅ​ប្រទេស ជាមួយ​លោក ស៊ិន ស៊ីសាមុត, អ្នក​ស្រី ប៉ែន រ៉ន, អ្នក​ស្រី ហួយ មាស, លោក​វ៉ោយ ហូរ, លោក ហាស់ សាឡន​​ ជា​ដើម ដើម្បី​ទៅ​ថត​ចម្រៀង​កាស្សែត ដូច​ជា នៅ​ប្រទេស​សាំងកាពួរ​ ឬ​ហុង​កុង ជា​ដើម ។ ប៉ុន្តែ អ្នក​ស្រី​មិន​សូវ​បាន​ទទួល​ការអនុញ្ញាត​ពី​លោក ស្រី យ៉ា ដើម្បី​ចេញ​បង្ហាញ​ថ្វី​ដៃ​តាម​វិទ្យុ​ជាតិ ទូរទស្សន៍​ជាតិ​​ ឬ​តាម​ពិធី​ជប់​លៀង​ពិសេស​នានា​យ៉ាង​សេរី​ ដូច​មុន​ឡើយ ។ នៅ​ចុង​ឆ្នាំ ១៩៧៤ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ចរាចរណ៍​ក្រុង​ភ្នំ​ពេញ នៅ​ពេល​យប់​ ដោយ​មូលហេតុ​សង្រ្គាម​ដុន​ដាប រវាង​កង​ទ័ព​សាធារណរដ្ឋ​ខ្មែរ និង​កង​ទ័ព​ខ្មែរ​ក្រហម ។​ ពេល​នោះ អ្នក​ស្រី សុទ្ធា បាន​សុំ​លោក ស្រី យ៉ា នាំ​កូន ៗ ទៅ​នៅ​បាត់ដំបង​មួយ​រយៈ​ ដើម្បី​រក្សា​សុវត្ថិភាព​ផង ។ ណា​មួយ នៅ​ទី​នោះ រង្គសាល​ក៏​នៅ​មាន​បើក នៅ​ពេល​យប់​នៅ​ឡើយ​ ដូច្នេះ​អ្នក​ស្រី​អាច​នៅ​ចេញ​ច្រៀង​បម្រើ​ទេពកោសល្យ​របស់​ខ្លួន ជា​ជាង​រស់​នៅ​ជា​បក្សី​ក្នុង​ទ្រុង​មាស ឯ​ភ្នំ​ពេញ​ផង ។ ម្យ៉ាង​ទៀត នៅ​ពេល​នោះ អ្នក​ស្រី​បាន​ចូល​សម្តែង​ជា​តូ​ឯក​រង នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ​មួយ​រឿង ពេល​ដែល​ត្រូវ​យំ ហើយ​ត្រូវ​ចេញ​មក​បង្ហាញ​ខ្លួន នៅ​លើ​វេទិកា ចំពោះ​មុខ​ទស្សនិកជន​ទាំង​ឡាយ មុន​នឹង​ពេល​ភាព​យន្ត​ចាប់​បញ្ចាំង ជា​លើក​ដំបូង​នៅ​ក្រុង​បាត់ដំបង ។ កាល​នោះ លោក ស្រី យ៉ា មាន​ការ​ទើស​ទាល់​ក្នុង​ចិត្ត​ណាស់ ប៉ុន្តែ​ដោយ​ចង់​រក្សា​សុវត្ថិភាព​អោយ​កូន ៗ​ លោក​ក៏​បណ្តោយ​អោយ​អ្នក​ស្រី​នាំ​កូន​ទៅ ។ មិន​បាន​ប៉ុន្មាន​អាទិត្យ​ផង លោក​ក៏​បាន​បញ្ជា​អោយ​គេ​នាំ​ខ្លួន​អ្នក​ស្រី សុទ្ធា និង​កូន​ចៅ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ ។

​ភាតរមិត្តភាពនិងសន្តានចិត្ត​

ខ្ញុំ​នឹក​ឃើញ​ដល់​អនុស្សាវរីយ៍​ពិសេស​មួយ រវាង​ខ្ញុំ ជាមួយ​អ្នក​ស្រី រស់ សិរីសុទ្ធា គឺ​នៅ​ថ្ងៃ ដែល​គេ​ចាប់​បញ្ចាំង​ខ្សែ​ភាព​យន្ត​រឿង ពេល​ដែល​ត្រូវ​យំ នោះ ខ្ញុំ​បាន​នាំ​ប្អូន ៗ និង​ញាតិ​មួយ​ហ្វូង​ធំ ទៅ​ជួប​អប​អរ​សាទរ ។ ចៃដន្យ ខ្ញុំ​ពាក់​អាវ​ម៉ូដ​តែ​មួយ ព័ណ៌​តែ​មួយ ដូច​អ្នក​ស្រី រស់ សិរី​សុទ្ធា ដែរ ធ្វើ​អោយ​គេ​ទាំង​ឡាយ​ច្រឡំ​មួយ​ស្របក់​ថា​ ខ្ញុំ​នេះ​ត្រូវ​ជា​តួ​អង្គ​ត្រូវ​បង្ហាញ​ខ្លួន នៅ​លើ​ឆាក​នឹង​គេ​ដែរ តែ​ការ​ពិត​ គ្រាន់​តែ​ជា​ការ​ចៃដន្យ​សោះ ។ កាល​ណោះ បើ​សិន​ខ្ញុំ​នេះ​មាន​ទេពកោសល្យ ចេះ​ច្រៀង​ចម្រៀង​ដែរ​នោះ ម៉្លេះ​សម​ត្រូវ​គេ​ចាប់​អោយ​ឡើង​ឆាក ជាប់​ប្រវត្តិសាស្រ្ត​និង​កំប្លែង​សប្បាយ​នឹង​គេ​ទៅ​ ហើយ។
ខ្ញុំ​ក៏​ចាំ​បាន​ដែរ​ថា រៀង​រាល់​ពេល​ដែល​អ្នក​ស្រី សុទ្ធា វិល​ត្រឡប់​មក​បាត់ដំបង​ម្តង ៗ មិន​ថា​ពេល​ណា វេលា​ណាេ​ទេ អ្នក​ស្រី​តែង​តែ​ចូល​ជម្រាប​សួរ​សុខ​ទុក្ខ​លោក​ឪពុក​អ្នក​ម្តាយ​របស់​ខ្ញុំ ជា​និច្ច មាន​កាល​រហូត​ដល់​មានច្រៀង​ចម្រៀង​ពិសេស ៗ ជូន​លោក​ស្តាប់​ផ្ទាល់​ថែម​ទៀត​ផង ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាល​នោះ មាន​សាច់​ញាតិ​របស់​ខ្ញុំ​ខ្លះ ជា​អតីត​មិត្ត​ជំនិត​រួម​ថ្នាក់ ជាមួយ​អ្នក​ស្រី សុទ្ធា តែង​ចំណាយ​ពេល​រួម​គ្នា នៅ​ដី​ភូមិ​របស់​ខ្ញុំ បរិភោគ​អាហារ​ជុំ​គ្នា ហើយ​អ្នក​ស្រី​តែង​តំណាល​រឿង​ជីវីត​​របស់​អ្នកស្រី អោយ​ស្តាប់ ថា តើ​ថា​ មុន​នឹង​ក្លាយ​ជា​តារា​រះ​នៅ​ភ្នំ​ពេញ​នោះ តើ​ជីវិត​អ្នក​ស្រី មាន​សភាព​ដូច​ម្តេច​ខ្លះ ។ អ្នក​ស្រី​ជា​មនុស្ស​រួស​រាយ ទន់​ភ្លន់ រាក់​ទាក់​ណាស់ មិន​ចេះ​វាយ​ឫក​ឆ្មើង​កន្រ្ទើង​ដូច​ជា​តារា​ដទៃ​ទៀត​ខ្លះ ៗ ឡើយ គឺ​អ្នក​ស្រី​នៅ​រក្សា​ភាព​សាមញ្ញ ដូច​ដើម​ដដែល ពេល​មក​ដល់​ស្រុក​ភូមិ​របស់​ខ្លួន មិន​មាន​ប្តូរ​ចរិត​ទេ​​ តាំង​ពី​រឿង​ហូប​ចុក ដេក​ពួន​ឡើង​ទៅ ។ អ្វី​ដែល​ប្លែក គឺ​អ្នក​ស្រី​បាន​ជួយ​ផ្លាស់​ប្តូរ​ជីវភាព​ក្រុម​គ្រួសារ ឯ​ស្រុក​កំណើត អោយ​បាន​ជួប​នូវ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង មាន​មុខ​មាត់​ប្រសើរ​ជាង​មុន មិន​អោយ​ញាតិ​ទាំង​ឡាយ​សើច​យំ​បាន​ដូច​មុន​តទៅ​ទៀត​ឡើយ ។ អ្នក​ស្រី​បាន​ជួយ បណ្តុះ​បណ្តាល​សាច់​ញាតិ​របស់​ខ្លួន អោយ​មាន​តម្រិះ​វិជ្ជា និង​មាន​ការ​ងារ​ធ្វើ​សម​រម្យ មាន​កិត្តិនាម​ក្នុង​សង្គម ។ មាន​ក្មួយ ៗ របស់​អ្នក​ស្រី​ខ្លះ ក៏​បាន​ប្រឡង​ជាប់​មធ្យមសិក្សា ហើយ​បាន​ត្រូវ​អ្នក​ស្រី​ទំនុក​បម្រុង​ រហូត​ដល់​បាន​បន្ត​ការ​សិក្សា​ខ្ពង់​ខ្ពស់​នៅ​ភ្នំពេញ​ថែម​ទៀត​ផង ។​ ការ​ដែល​អ្នក​ស្រី​រក្សា​ភាព​ជា​មនុស្ស​កតញ្ញូ​ ​ ហើយ​មាន​ភក្តីភាព​ចំពោះ​ម្តាយ​ និង​បង​​ប្អូន សាច់​សន្តាន​ក្រី​ក្រ ព្រម​ទាំង​ញាតិ​មិត្ត ជា​ច្រើន​ទៀត​នេះ​ហើយ ដែល​ធ្វើ​អោយ​អ្នក​ស្រី​បាន​ទទួល​នូវ​ការ​កោត​សរសើរ នូវ​ប្រជាប្រិយភាព និង​ការ​ស្វាគមន៍​​យ៉ាង​កក់​ក្តៅ ពី​សំណាក់​ទស្សនិកជន និង​ញាតិ​ទាំង​ឡាយ ពេល​អ្នក​ស្រី​ឈាន​ជើង​​ចូល​ស្រុក​កំណើត​ម្តង ៗ ។

​ប្រវត្តិ​​នៅ​ជំនាន់​ខ្មែរ​ក្រហម ១៩៧៥

ថ្ងៃ ១៧ មេសា ១៩៧៥ លោក ស្រី យ៉ា ជា​ស្វាមី​ ក៏​បាត់​ខ្លួន​ទៅ នៅ​ពេល​ប្រតិបត្តិការ​លើ​សមរភូមិ ។ ចំណែក​អ្នក​ស្រី សុទ្ធា និង​កូន​ទាំង​បួន បង​ប្រុស រស់ សុគុណ​​ ព្រម​ទាំង​ភរិយា និង​បុត្រ​ម្នាក់ អ្នក​ស្រី រស់ សិរីសោភ័ណ និង​ស្វាមី ព្រម​ទាំង​បុត្រ​មួយ​រួប ​រួម​ទាំង​បុត្រ​ពីរ​នាក់​ទៀត​របស់​អ្នក​ស្រី សំបឿត ជា​បង ដែល​ស្នាក់​នៅ​ជាមួយ រួម​ទាំង​អស់ ១៤ នាក់ បាន​ត្រូវ​អង្គការ​ខ្មែរ​បដិវត្តន៍​ ជម្លៀស​ចេញ តាម​ផ្លូវ​ជាតិ​លេខ ៤​ សំដៅ​ទៅ​កំពង់​ស្ពឺ ។ ដោយ​មូលហេតុ​ដាច់​ស្បៀង ថ្នាំ​សង្កូវ និង​ការ​លំបាក​នានា កូន​ទាំង​បួន​រូប​របស់​អ្នក​ស្រី សុទ្ធា បាន​ស្លាប់​ម្តង​មួយ ៗ ជា​បន្ត​បន្ទាប់​អស់​ទៅ នៅ​សល់​តែ​អ្នក​ស្រី សុទ្ធា ម្នាក់​ឯង ។​ ក្រោយ​មក​ទៀត​ អង្គការ​ក៏​ចាប់​បំបែក​ញែក​សាច់​ញាតិ​របស់​អ្នក​ស្រី ចេញ​ឆ្ងាយ​ពី​គ្នា​អស់​រលីង នៅ​សល់​តែ​ប្អូន​ស្រី រស់ សោភ័ណ តែ​ម្នាក់ ដែល​អង្គការ​ចាប់​បញ្ជូន​អោយ​ទៅ​នៅ​ភូមិ​ត្រពាំង​ផ្លុង​ ឃុំ​ដំបូក​រូង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ ជាមួយ​អ្នក​ស្រី​សុទ្ធា ។
តាម​សំដី​អ្នក​ស្រី ទីវ ហេង ដែល​ជា​សាក្សី​ម្នាក់ ធ្លាប់​រស់​នៅ​ជាមួយ​អ្នក​ស្រី សុទ្ធា សម័យ​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍ តាម​ការ​សម្ភាសន៍ ជាមួយ​ទស្សនាវដ្តី ឥន្រ្ទទេវី ថា អ្នក​ស្រី សុទ្ធា ​បាន​លាក់​ខ្លួន រស់​នៅ​យ៉ាង​សាមញ្ញ ធ្វើ​ការ​វេទនា ដូច​គេ​ដូច​ឯង មិន​មាន​យោធា​ខ្មែរ​ក្រហម​ណា អាច​ចាប់​ភ្លឹក​បាន​ទេ​ថា អ្នក​ស្រី​ជា​អតីត​តារា​ដ៏​ឆើត​នៃ​កម្ពុជា ។ ប៉ុន្តែ អ្វី​ដែល​មិន​អាច​លាក់​បាន គឺ និស្ស័យ​របស់​អ្នក​ស្រី ខាង​ផ្នែក​ចម្រៀង​នោះ​តែ​ម្តង ។
នៅ​ក្នុង​សម័យ​នោះ អ្នក​ស្រី​ចូល​ចិត្ត​ច្រៀង​លេង​កំដរ​ញាតិ ពេល​សម្រាក​ពី​ការ​ងារ​មួយ​ភ្លែត ៗ ដើម្បី​រំដោះ​អារម្មណ៍​ទុក្ខ​សោក​របស់​ អ្នក​ស្រី​ពី​ក្នុង​បេះ​ដូង​ផង ដើម្បី​ចែក​ញាតិ​ស្តាប់​លេង អោយ​ស្បើយ​ការ​នឿយ​ហត់​ផង ។ ចៃដន្យ អ្នក​ស្រី​មិន​ហ៊ាន​ច្រៀង​បទ​សម័យ​ពី​មុន ៗ តាម​អត្ថន័យ​ចាស់​ទាំង​ស្រុង​ទេ ច្រើន​តែ​ច្នៃ​កែ​ប្រែ​ពាក្យ​ពេចន៍​ ដើម្បី​តម្រូវ​ទៅ​តាម ទិស​ដៅ​របស់​អង្គការ​បដិវត្តន៍ ។​ បើ​មិន​ដូច្នោះ​ទេ អ្នក​ស្រី​នឹង​ជាប់​ទោស ត្រូវ​អង្គការ​កម្ទេច​ជីវិត​ចោល ។ ក្រោយមក ពេល​ដែល​ដឹង​ថា​ អ្នក​ស្រី​ចេះ​ច្រៀង​ពិរោះ ក្រុម​យោធា​អង្គការ​ក៏​ចាត់​តាំង​អោយ​អ្នក​ស្រី​ច្រៀង​ចម្រៀង​អង្គការ​បដិវត្តន៍ ដើម្បី​បម្រើ និង​លើក​តម្កើង​ប្រយោជន៍​ជូន​អង្គការ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ។ ម្ល៉ោះ​ហើយ អ្នក​ស្រី​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​​ ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ជា​ទំនុក​ច្រៀង ។ អ្នក​ស្រី​តែង​តែ​កាន់​សៀវភៅ​តូច​មួយ ដាក់​តាម​ខ្លួន សម្រាប់​កត់​ត្រា​ទុក​នូវ​បទ​ចម្រៀង ដែល​អង្គការ​តម្រូវ​មក​អោយ​ច្រៀង ។
នៅ​ឆ្នាំ ១៩៧៧ វេលា​ចូល​ឆ្នាំ​ខ្មែរ អ្នក​ស្រី សុទ្ធា បាន​ត្រូវ​អង្គការ​បដិវត្តន៍ ចាប់​បង្ខំ​អោយ​រៀប​ការ ជាមួយ​យោធា​មួយ​រូប​ ដែល​ពិការ​ដៃ​ម្ខាង មាន​ឈ្មោះ​ថា សមមិត្ត ត្រោក ជា​កង​កម្មាភិបាល​ជាន់​ខ្ពស់ មួយ​រូប របស់​អង្គការ ។​ ប៉ុន្តែ ជីវិត​អាពាហ៍ពិពាហ៍​ថ្មី​នេះ មិន​បាន​នាំ​សុភមង្គល​ល្អ​ប្រសើរ​អ្វី​ដល់​អ្នក​ស្រី​ សុទ្ធា ទេ ។ ផ្ទុយ​ទៅ​វិញ អ្នក​ស្រី​ត្រូវ​រស់​រង​ទុក្ខ​ជា​ប្រចាំ​ ត្បិត​បុរស​នោះ​កើត​ក្តី​ប្រច័ណ្ឌ​ចំពោះ​អ្នក​ស្រី នៅ​គ្រប់​វេលា​ទាំង​អស់ ដែល​អ្នក​ស្រី​ទទួល​ការ​សរសើរ​រាក់​ទាក់​ពី​ញាតិ​ផង ពេល​អ្នក​ស្រី​ឡើង​ចេញ​ច្រៀង នៅ​មីទីង​របស់​អង្គការ ឬ​នៅ​ទី​ណា ដែល​អង្គការ​ចាត់​តាំង​ អោយ​ទៅ​បំពេញ​កិច្ច ។​ ដោយ​ការ​ប្រច័ណ្ឌ​ហួង​ហែង​ខ្លាំង​ហួស​ប្រមាណ មិត្ត ត្រោក តែង​ប្រើ​ហិង្សា វាយ​ដំ​អ្នក​ស្រី​ជា​និច្ច ។ ចំណែក​អ្នក​ស្រី​វិញ មិន​អាច​តប​ត​ ឬ​រត់​គេច​បាន​ឡើយ ដោយ​ខ្លាច​បារមី​របស់​អង្គការ​ខ្មែរ​ក្រហម ហើយ​ជីវិត​អាពាហ៍ពិពាហ៍​នោះ មិន​មាន​អាយុ​ច្រើន​ខែ​ដែរ ។​ ដោយ​ជម្លោះ​ក្ឌុង​ក្ឌាំង​ញឹក​ញាប់​ពេក អង្គការ​ខាង​លើ​បាន​ហៅ​អ្នក​ស្រី ទៅ​កសាង​អប់​រំ​​ ដោយ​រំលឹក​អោយ​អ្នក​ស្រី គោរព​ស្វាមី​ មិន​អោយ​ឆ្លើយ​តប​ត​ មាន​មាត់​ក​ មាន​ហិង្សា ជាមួយ​លោក​យោធា​​កម្មាភិបាល​នោះ​ត​ទៅ​ទៀត ។ ប៉ុន្តែ អ្នក​ស្រី​តាំង​ចិត្ត​អត់​ធ្មត់​មិន​បាន ត្បិត​ត្រូវ​ស្វាមី​វាយ​ដំ​ជេរ​ប្រទេច​ច្រើន​ហួស​ប្រមាណ ក៏​តប​ត​ដោយ​សំដី​ខ្លះ ៗ ត្រឡប់​ទៅ​វិញ ដែល​ជា​ហេតុ​បណ្តាល​អោយ​អង្គការ​លើ ចាប់​ដាក់​ទោស បញ្ជូន​ខ្លួន អោយ​ទៅ​ធ្វើ​ការ នៅ​ភូមិ​មួយ​ផ្សេង​ទៀត​ នៅ​រវាង​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧ ។ ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គ្មាន​នរណា​ម្នាក់​បាន​ដឹង​ដំណឹង​ពីអ្នក​ស្រី​ទៀត​ឡើយ ។
កាល​នៅ​សម័យ​នោះ ពេល​មាន​អ្នក​ស្រុក​ណា​ម្នាក់ ត្រូវ​អង្គការ​ចាត់​តាំង​អោយ​ទៅ​កាប់​ព្រៃ ឬ​ទៅ​បម្រើ​អង្គការ​នៅ​តំបន់​ថ្មី នោះ​មានន័យ​ថា​ អ្នក​ស្រុក​រូប​នោះ ជា​ជន​ដែល​ត្រូវ​អង្គការ សំឡេះ​ជីវិត​ចោល ដោយ​គ្មាន​ត្រា​ប្រណី​ឡើយ ។ ​ រី​ឯ​សាច់​ញាតិ​វិញ ក៏​មិន​ដែល​បាន​ដឹង​ថា​ អ្នក​ស្រុក​រូប​នោះ ត្រូវ​អង្គការ​ប្រហារ​ជីវិត​ចោល នៅ​ឯ​ណា​ដែរ ។
សាច់​ញាតិ​របស់​អ្នក​ស្រី សុទ្ធា ដែល​នៅ​សេស​សល់ មាន​លោក​យាយ រស់ សំបឿត,​ លោក​យាយ រស់ សំបឿន និង​កូន​ចៅ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ទួល​តា​ឯក ក្រុង​បាត់ដំបង ហើយ​និង​អតីត​ស្វាមី​របស់​អ្នក​ស្រី ឈ្មោះ​ លោក ហ៊ុយ ស៊ីផាន់ និង​កូន​ប្រុស​មួយ​រូប ដែល​សព្វ​ថ្ងៃ មាន​វ័យ​ប្រហែល​ជិត ៤០ ឆ្នាំ​ហើយ​ រស់​នៅ​ឯ​ប្រទេស​បារំាង ។
(ព័ត៌មាន​របស់​ខ្ញុំ ដែល​សុំ​កែ​ប្រែ​ និង​បន្ថែម​ក្រោយ ឈ្មោះ ម៉ូនិសា) តែ​ទោះ​ជា​យ៉ាងណា ដន្លង​របស់​ឪពុក​ម្ដាយ​ខ្ញុំ​ ដែល​ធ្លាប់​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត នៅ​ឆ្នាំ ១៩៨០ បាន​ប្រាប់​ខ្ញុំ​ថា តារា​ចម្រៀង​ដ៏​ល្បី​ល្បាយ​រូប​នេះ ទទួល​មរណភាព​នៅ​ទី​នោះ ដោយ​សារ​មហារីក​បំពង់​ក នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​នៅ​ឆ្នាំ ១៩៨០ នោះ ។)

No comments: